កំហឹង
ពេលអ្នកខឹង១នាទី អ្នកបានបាត់បង់សេចក្ដីសុខអស់៦០វិនាទី។ កំហឹងបានដុតបំផ្លាញសេចក្ដីសុខក្នុងចិត្តអ្នកមុនដំបូងគេ មុននឹងរាលដាលដល់អ្នកដទៃ។ សាមញ្ញជនតែងមានកំហឹង តែកុំខឹងយូរពេក ខឹងមួយភ្លែតបានហើយ រួចភ្លេចទៅ កុំគុំទុកអី ព្រោះបើគុំទៅ ក្ដៅតែខ្លួនឯង ជួនកាលគេមិនទាំងដឹងខ្លួនផង។ រៀនខន្តីខ្លះទៅ អ្វីៗមិនចេះតែបានតាមចិត្តចង់ទេ កុំមួម៉ៅក្ដៅក្រហាយពេកអី គ្មានបានអីមកទេ បានតែកើតទុក្ខថែម។ រៀនអត់ឱនយោគយល់ខ្លះទៅ គ្មាននរណាចង់ខុស ចង់អាក្រក់ទេ ពន្យែពន្យល់គ្នាទៅ បើគេធ្វើតាមជាការល្អ តែបើគេមិនធ្វើតាម ក៏មិនដឹងធ្វើម៉េច ហើយបើអ្នកក្ដៅក្រហាយ ក៏បានតែត្រឹមតែកើតទុក្ខទទេ ហើយបាបទៀត។ ប្រឹងណែនាំឱ្យអស់ពីលទ្ធភាព ហើយសប្បាយចិត្តនឹងអ្វីដែលយើងធ្វើបាន ទើបមិនសូវកើតទុក្ខ អ្នកបង្កើតរូបគេបាន តែបង្កើតចិត្តគេមិនបានទេ សត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន។ កំហឹងមួយភ្លែត កំហុសមួយជីវិត។ កុំយកកំហឹងជាម្ចាស់ក្នុងការសម្រេចចិត្ត ត្រូវធ្វើជាម្ចាស់កំហឹងវិញ។
បញ្ចេញមតិរបស់អ្នក